(ត្បូងឃ្មុំ) ៖កាលពីព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤នេះ សត្វពាហនៈ ដែលអជ្ញាធរបានជម្លៀសបញ្ជូនមកកាន់ទីទួលសុត្ថិភាពចំនួន៤កន្លែង រួមមាន ទួលឧកញ៉ាថៃ ទួលឧកញ៉ា អាន ម៉ាឌី ទួលស្ពានទួលខ្សាច់ ស្ថិតក្នុងឃុំទន្លេបិទ និងទួលទួលវិហារ ស្ថិតក្នុងឃុំជីរោទិ៍ទី១ ស្រុក/ខេត្តត្បូងឃ្មុំ ។ ត្រូវបានជំនាញបសុពេទ្យព្យាបាលខេត្ត បាញ់ថ្នាំការពារ សម្លាប់សត្វល្អិត សារទឹក នឹងណែនាំដល់ម្ចាស់ទាំងនោះ ឲ្យចេះដាក់ស្មៅទៅតាមបទដ្ឋានបច្ចេកទេសច្បាស់លាស់ ។
លោក កែន ចន្ទ័សុជាតិ អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តត្បូងឃ្មុំ បានណែនាំដល់ប្រជាពលរដ្ឋនៅលើទីទួលសុវត្តិភាពទាំង៤កន្លែង ខាងលើថា កុំបញ្ចេញសត្វពាហន: ទៅឲ្យសុីស្មៅ តាមវាលនៅពេលព្រឹកពេក ដោយមិនទាន់អស់ទឹកសន្សើមព្រោះថា នៅមានមេរោគភាយចេញពីក្នុងដីមកនៅក្នុងទឹកសន្សើមតាមចុងស្មៅ ពេលគោ ក្របី សុីដោយទឹកសន្សើមជាមួយមេរោគនោះ សត្វអាចឈឺ ក្នុងរយ:ពេល ២ទៅ ៣ខែ ក្រោយមក មេរោគនោះបង្ករជាជំងឺអុតក្ដាម ឬជំងឺសារទឹកដល់គោ ក្របី របស់យើង ជាហេតុ នាំឲ្យកសិករខាតបង់ ។ ហើយក្នុងយុទ្ធនាការបាញ់ថ្នាំកំចាត់មេរោគ សាទឹក អ៊ុតក្ដាមនេះ មានគោចំនួន ៤១៥ក្បាល និងក្របីចំនួន៦៩៩ក្បាលផងដែរ ។
លោក កែន ច័ន្ទសុជាតិ បានបន្តទៀតថា បើបងប្អូនណាមានសត្វពាហន:របស់ខ្លួនមានអាការ:មិនស្រួល ត្រូវរាយការណ៍ជាបន្ទាន់ទៅលោកមេភូមិ ដើម្បីហៅមន្ត្រីបសុពេទ្យ មកព្យាបាលគោ ក្របី ជូនប្អូនឲ្យទាន់ពេលវេលា ។ កិច្ចប្រតិបត្តិការនេះដោយមានការណែនាំពីមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ៕