ល្បែងស៊ីសងអនឡាញ មានដូចជាយូគី,មាន់ជល់និងឆ្នោតឡូតូកំពុងដំណើរការ ជាច្រើនកន្លែងនៅក្នុងស្រុកសង្កែ ខេត្តបាត់ដំបង។ ជាងនេះទៅទៀតទីតាំងបើកល្បែងអនឡាញទាំងនោះ ហាក់ដូចជាផ្គើនខ្លាំងទៅនឹងបទបញ្ជាប្រមុខរាជរដ្ឋាភិបាលថែមទៀតផង។ ជាក់ស្ដែងទីតាំងល្បែងអនឡាញ១កន្លែង កំពុងដំណើរការនៅភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ដែលមានកុំព្យូទ័រអនឡាញ២-៣គ្រឿងកំពុងដំណើរការជាមួយល្បែងស៊ីសងច្រើនប្រភេទ។ ករណីនេះគេមិនដឹងថា តើលោកអធិការនគរបាលស្រុកសង្កែយុត តុងហូ ទុកល្បែងស៊ីសងអនឡាញទាំងនេះដើម្បីអ្វីទេ?
ក្រុមអ្នកកាសែត ដែលបានឃើញទិដ្ឋភាពផ្ទាល់បានឲ្យដឹងថា ទីតាំងមួយកន្លែងនេះបានដំណើរការជាចំហគ្មានញញើតច្បាប់ទម្លាប់អ្វីឡើយ។ មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលអន្លង់វិល បានដឹងអំពីបញ្ហាទីតាំងល្បែងស៊ីសងអនឡាញមួយកន្លែងនេះដែរ។ ប៉ុន្តែមិនដឹងហេតុអ្វីបាន ជាគេមិនបង្ក្រាប ដោយទុកឱ្យដំណើរការជាចំហយ៉ាងដូច្នេះ? ការដែលអាជ្ញាធរមានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលអន្លង់វិល ក៏ដូចជាអធិការរដ្ឋាននគរបាលស្រុកសង្កែមិនបង្ក្រាបល្បែងសងអនឡាញ១កន្លែងនេះធ្វើឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានមានមន្ទិលសង្ស័យជាខ្លាំង។
ប្រភពបានបន្ថែមថា ទីតាំង១នេះមានល្បែងអនឡាញច្រើនប្រភេទ ហើយបានទាក់ទាញប្រជាពលរដ្ឋឲ្យចូល លេងចាក់ជាចំហដោយមិនខ្លាចសមត្ថកិច្ចបង្ក្រាបអ្វីនោះឡើយ។ ក្រៅពីតាំងមួយនេះក៏មានសេចក្តីរាយការណ៍ថានៅក្នុងស្រុកសង្កែ ខេត្តបាត់ដំបង មានទីតាំងផ្សេងទៀតតែកំពុងដំណើរការជាធម្មតាដែរ។ ដូច្នេះមានន័យថា នៅ ក្នុងមូលដ្ឋានស្រុកសង្កែខេត្តបាត់ដំបងបញ្ហាល្បែងស៊ី សងអនឡាញមិនមែនជាឧបសគ្គសម្រាប់ពួកថៅកែល្បែងដំណើរការនោះឡើយ។ ជារួម គេអាចដំណើរការបានដោយមានការសម្របសម្រួលជាយថាហេតុណា មួយជាមួយអាជ្ញាធរមានសមត្ថកិច្ចថ្នាក់ឃុំ-ស្រុកនេះហើយទើបអាចដំណើរការបានស្រួល។
លោកយុត តុងហូ អធិការនគរបាលស្រុកសង្កែមិនអាចទាក់ទងសុំការបំភ្លឺបានទេ ជុំវិញបញ្ហាល្បែងស៊ីសងអនឡាញដែលកំពុងញាំញី ក្នុងមូលដ្ឋាននៃដែនសមត្ថកិច្ចរបស់លោក។ សម្រាប់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឯ នេះវិញ បានត្រឹមសំដែងការព្រួយបារម្ភអំពីបញ្ហាអសន្តិសុខអំពើហិង្សា នៅក្នុងគ្រួសារដែលចេះតែកើន ឡើងមិនឈប់ឈរ ដោយសារតែឥទ្ធិពលនៃល្បែងស៊ី សងអនឡាញទាំងនោះ។ ប្រជាពលរដ្ឋសង្ឃឹមថាលោកស្នងការនគរបាលខេត្តបាត់ដំបងនឹងពិនិត្យមើលករណីល្បែងស៊ីសងដែលកំពុងញាំញីនៅក្នុងមូលដ្ឋានស្រុកសង្កែនោះផង៕