ខេត្តកំពង់ស្ពឺ៖ ក្មេងប្រុសម្នាក់ក្នុងចំណោមពីរនាក់បានលង់ទឹកស្ទឹងព្រែកត្នោត ខណៈដែលនាំគ្នាហែលឆ្លងទឹកស្ទឹងទៅត្រើយម្ខាងទើប បង្កឱ្យមានការភ្ញាក់ផ្អើលកម្លាំងអន្តរាគមន៍រាវរករយះពេល១យប់ទើបប្រទះ ឃើញសាកសព ។
ការរាវប្រទះឃើញសពក្មេងប្រុសលង់ទឹកកាលពីព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅក្នុងភូមិសៅកែ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
មន្ត្រីនគរបាលបាននិយាយឱ្យដឹងថា ក្មេងប្រុសរងគ្រោះមានឈ្មោះ ផល សោភ័ណ ភេទប្រុស អាយុ៧ឆ្នាំ រស់ នៅក្នុងភូមិសៅកែ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
មន្ត្រីនគរបាលបានបន្តថា នៅមុនពេលកើតហេតុកាលពីវេលាម៉ោង៣រសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ មានក្មេងប្រុសទី១.ឈ្មោះ ផល សោភ័ណ ភេទប្រុស អាយុ ៧ឆ្នាំនិងទី២.ឈ្មោះ សន សុខគាធារ៉ា ភេទប្រុស អាយុ ៧ឆ្នាំ ទាំងពីរនាក់នៅភូមិសៅកែ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺបានទៅងូតទឹកស្ទឹងព្រែកត្នោតនៅចំណុចខាងជេីងភូមិសៅកែ។ បន្ទាប់មកឈ្មោះ ផល សោភ័ណ បានលង់ទឹក ដោយមានកម្លាំងបញ្ជាការដ្ឋានកងពលពិសេសឆ័ត្រយោង ៩១១ ជួយរុករកទល់ម៉ោង ១២យប់រកមិនឃើញ។ លុះដល់ម៉ោង៩ព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ទើបរាវរកឃើញសព ក្មេងប្រុស។
មន្ត្រីជំនាញបានបញ្ជាក់ថា មូលហេតុក្មេងប្រុសជាជន រងគ្រោះហែលឆ្លងពីច្រាំងខាងត្បូងទៅច្រាំងខាងជើង។ ប្រជាពលរដ្ឋបានរាវរកសពឃើញ និងក្រុមគ្រួសារទទួលស្គាល់ថាជនរងគ្រោះពិតជាលង់ទឹកស្លាប់ដោយ ខ្លួនឯងពិតប្រាកដមែន ដោយមានការចូលរួមពីមេឃុំ នាយប៉ុស្តិ៍រដ្ឋបាលឃុំ មេភូមិផងដែរ។
បច្ចុប្បន្នសពក្មេងប្រុសរងគ្រោះ ត្រូវបានកម្លាំងជំនាញប្រគល់ឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕