(ភ្នំពេញ) ÷សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានស្នើដល់ប្រជាពលរដ្ឋ និងអ្នកពាក់ពន្ធ័ក្នុងករណីឯកឧត្តមបណ្ឌិតសុខ ទូច បញ្ចប់រឿងនេះត្រឹមនេះ តាមរបៀបឈ្នះ ឈ្នះនិងសហការគ្នាបន្តការងាររៀងៗខ្លួន។
សម្តេចតេជោ បានបន្តថា ករណីបណ្ឌិតសុខ ទូចជាមួយនគរបាលចរាចរណ៍ បានក្លាយជាអាជីវកម្ម ដោយមិនដឹងខ្លួន។ អ្នកមិនចូលចិត្តបណ្ឌិត សុខ ទូចបាន ថែមអំបឹលប្រហុកដើម្បីទាញទម្លាក់ បណ្ឌិតសុខ ទូច។ ខណៈដែលអ្នកមិនចូលចិត្តនគរបាលចរាចរណ៍ ក៏ប្រឹងថែមទឹកត្រីនិងបុីចេងដើម្បីវាយប្រហារនគរបាលចរាចរណ៍។
តាមរយៈបណ្តាញសង្គមនាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចតេជោ បានលើកឡើងថា «ករណីបណ្ឌិតសុខ ទូចជាមួយនគរបាលចរាចរណ៍បានក្លាយជាអាជីវកម្ម ដោយមិនដឹងខ្លួន។ អ្នកមិនចូលចិត្តបណ្ឌិត សុខ ទូចបាន ថែមអំបឹលប្រហុកដើម្បីទាញទម្លាក់ បណ្ឌិតសុខ ទូច។
ឯអ្នកមិនចូលចិត្តនគរបាលចរាចរណ៍ក៏ប្រឹងថែមទឹកត្រីនិងបុីចេងដើម្បីវាយប្រហារនគរបាលចរាចរណ៍។ តើអ្នកណាជាអ្នកទទួលផលចំណេញលើហេតុការនេះ?គ្មានអ្នកណាចំណេញនោះឡើយតែផ្ទុយទៅវិញ គឺខាតទាំងអស់គ្នា។
ខ្ញុំសូមបងប្អូនជនរួមជាតិក៏ដូចជាអ្នកពាក់ពន្ធ័សូមបញ្ចប់រឿងនេះត្រឹមនេះ តាមរបៀបឈ្នះ ឈ្នះនិងសហការគ្នា បន្តការងាររៀងៗខ្លួន។ សង្ឃឹមថាអ្នកថែមអំបិលប្រហុកទឹកត្រី បុីចេងបញ្ឈប់ថែមសាំងចាក់លើភ្លើង រាប់ទាំងអ្នកផ្តល់សារមកខ្ញុំវាយប្រហារ ម្ខាងៗ។បើលុបសារនោះចោលខ្លួនឯង ជាការល្អព្រោះខ្ញុំបានមើលរួចហើយ»៕