(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់យ៉ាងដូច្នេះថា ការគាំទ្រលើគម្រោងរបស់ទីស្នាក់ការកណ្តាល JICA និងការិយាល័យប្រចាំតំបន់អាស៊ី ប៉ាស៊ីហ្វិក នៃអង្គការអន្តរជាតិខាងការងារ (ROAP, ILO) ក្នុងការបង្កើតឱ្យមានយន្តការគាំពារ និងដោះស្រាយបញ្ហា និងការប្រឈមរបស់ពលករទេសន្តរប្រវេសន៍ នៅក្នុងប្រទេសជប៉ុន ។

លោករដ្ឋមន្ត្រីបានបង្ហាញការគាំទ្រ ខាងលើនេះ បានធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA) និងការិយាល័យប្រចាំតំបន់អាស៊ី ប៉ាស៊ីហ្វិក នៃអង្គការអន្តរជាតិខាងការងារ (ROAP, ILO) ដែលដឹកនាំគណៈប្រតិភូដោយលោក កេនីឆី ស៊ីស៊ីដូ (Kenichi SHISHIDO) ជំនួយការពិសេសរបស់ប្រធានទីស្នាក់ការកណ្តាល JICA នៅទីស្តីការក្រសួងកាលពីថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ។

លោក ហេង សួរ បានគូសបញ្ជាក់ថា គម្រោងក្នុងការបង្កើតឱ្យមានយន្តការគាំពារ និងដោះស្រាយបញ្ហា និងការប្រឈមរបស់ពលករទេសន្តរប្រវេសន៍នៅក្នុងប្រទេសជប៉ុននេះ ពិតជាមានសារៈសំខាន់ដើម្បីជំរុញឱ្យកាន់តែប្រសើរឡើងថែមទៀតនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសបញ្ជូនពលករ និងប្រទេសទទួលពលករទៅធ្វើការនៅក្នុងប្រទេសជប៉ុន ។

លោករដ្ឋមន្ត្រី បានបន្តថា ប្រទេសជប៉ុននៅតែជាទិសដៅមួយ ដែលពលករកម្ពុជាចង់ទៅធ្វើការ ខណៈដែលទទួលបានប្រាក់អត្ថប្រយោជន៍ខ្ពស់ រួមនិងទទួលបានជំនាញ និងបច្ចេកទេសការងារខ្ពស់ផងដែរ។
ជាមួយគ្នានេះលោករដ្ឋមន្ត្រី សង្ឃឹមថាតាមរយៈគម្រោងនេះ នឹងជំរុញឱ្យមានការផ្សព្វផ្សាយ និងស្វែងយល់ពីគ្នាកាន់តែប្រសើរ ជាពិសេសអំពីច្បាប់ការងារ និងអត្ថប្រយោជន៍ផ្សេងៗនៅក្នុងប្រទេសជប៉ុន សម្រាប់ភ្នាក់ងារជ្រើសរើសកម្មសិក្សាការី និងពលករជំនាញកម្ពុជា និងភាគីជប៉ុនដែលត្រូវការកម្លាំងពលកម្ម។

ជាការឆ្លើយតប លោក កេនីឆី ស៊ីស៊ីដូ (Kenichi SHISHIDO) បានបង្ហាញការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជានៃប្រទេសកម្ពុជាលើគម្រោងនេះ ដែលនឹងជួយជំរុញការគាំពារកាន់តែប្រសើរសម្រាប់ពលករទេសន្តរប្រវេសន៍នៅក្នុងប្រទេសជប៉ុន ជាពិសេសការស្វែងយល់រវាងគ្នាកាន់តែប្រសើររវាងប្រទេសបញ្ជូនពលករ និងប្រទេសទទួលពលករ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed