Oplus_131072

(ភ្នំពេញ ) ៖ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញលោកស្រី ដោ សម្ផស្សបានឱ្យដឹងថា ស្ថិតក្នុងដំណាក់នៃការសាងសង់ ដ៏សកម្ម ការដ្ឋានស្ពានអាកាសភ្លោះ ដែលបានប្រសិទ្ធនាមថា “សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត” សម្រេចបានប្រមាណ៥២% ហើយ គិតត្រឹមថ្ងៃទី៣១ខែមករាឆ្នាំ២០២៥នេះ ។

លោកស្រីដោ សម្ផស្ស បានបន្តថា ស្ពានអាកាសភ្លោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្ថិតនៅតាមបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន ប្រសព្វ និងផ្លូវជាតិលេខ២ ត្រង់ព្រំប្រទល់រវាង រាជធានីភ្នំពេញ និងខេត្តកណ្តាល ។ គិតមកដល់ពេលនេះការដ្ឋានសាងសង់ស្ពានអាកាសភ្លោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតទាំងមូលសម្រេចបានប្រមាណ៥២%ហើយ។

អ្នកនាំពាក្យរូបនេះបន្តថា
ចំពោះស្ពានដែលមានទិសដៅពីមហាវិថីសម្តេចតេជោហ៊ុន សែន(ផ្លូវ៦០ម៉ែត្រ) ទៅមហាវិថីព្រលានសម្តេចតេជោ បានសាងសង់គ្រឹះនិងសសរស្ពានរួចរាល់ហើយ។ បច្ចុប្បន្នកំពុងដំឡើងធ្នឹមបេតុងបានប្រមាណជា៦០% ឬ៤ប្រឡោះទៅ៧ប្រឡោះដោយគ្រោងនឹងបញ្ចប់អ៊ុតកៅស៊ូផ្លូវស្ពាននៅចុងខែមីនាខាងមុខនេះ។

លោកស្រីថា ចំពោះស្ពានដែលមានទិសដៅ ពីមហាវិថីអាកាសយានដ្ឋានអន្តរជាតិសម្តេចតេជោ ទៅមហាវិថីសម្តេចតេជោហ៊ុនសែន (ផ្លូវ៦០ម៉ែត្រ) នោះក៏បានសាងសង់គ្រឹះនិងសសររួចហើយដែរ ។ ពោលនៅតែការដំឡើងធ្នឹម ដែលគ្រោងចាប់ក្នុងខែមេសាខាងមុខនេះ ។

លោកស្រីដោ សម្ផស្ស បានបញ្ជាក់បន្ថែមថា “ចំពោះការសាងសង់ដំឡើងធ្នឹមស្ពាននេះនឹងមានបិទចរាចរណ៍ រវាងមហាវិថីសម្តេចតេជោហ៊ុន សែន(ផ្លូវ៦០ម៉ែត្រ) មហាវិថីព្រលានសម្តេចតេជោនិងផ្លូវជាតិលេខ២ (ក្នុងបរិវេណការដ្ឋាន)ម្តងម្កាល ដោយសារការដ្ឋានត្រូវការប្រើប្រាស់គ្រឿងចក្រធំៗ និងដើម្បីពន្លឿនការងារអោយបានទាន់ផែនការ។ដូច្នេះសូមប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវទាំនេះមេត្តាយោកយល់និងអធ្យាស្រ័យ ” ។

ស្ពានអាកាសភ្លោះនេះ ជាគម្រោងរបស់រាជរដ្ឋាភិបាល តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដោយប្រើប្រាស់ថវិកាសាងសង់ចំនួន១៦,២០០,៥០០ ដុល្លាអាមេរិក សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន១២ខែ ។

សូមរំលឹកផងដែរថា ស្ពានអាកាសភ្លោះសម្តេចមហាបវរធិបតីបានធ្វើពិធីបើកការដា្ឋនកាលពីព្រឹកថ្ងៃទី១៧ ខែ មិថុនា ឆ្នាំ ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិត បន្ទាប់ពីឯកឧត្ដមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ បានធ្វើពិធីក្រុងពាលីតាមបែបសាសនា ដើម្បីសុំម្ចាស់ទឹកម្ចាស់ដី សុំសេចក្តីសុខចំរុងចំរើន កាលពីនារសៀលថ្ងៃទី១៦មិថុនា។

សូមបញ្ជាក់ផងដែរថា គម្រោងស្ពានអាកាសភ្លោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គ្រោងបញ្ចប់ការដ្ឋានទាំងមូលនៅខែមិថុនាឆ្នាំ២០២៥ ទៅតាមផែនការដែលបានគ្រោងទុកដោយប្រើប្រាស់ថវិកាក្នុងសាងសង់ចំនួន១៦,២០០,៥០០ ដុល្លាអាមេរិកនិងប្រើប្រាស់រយៈពេលសាងសង់ចំនួន១២ខែ ៕

Oplus_131072

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed