កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ- មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១១ ដែលកិច្ចប្រជុំកំពូលនេះ បានប្រព្រឹត្តទៅនៅទីក្រុងគុនមិញ នៃសាធារណរដ្ឋប្រជាមានិតចិន។
ឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានដឹកនាំកិច្ចប្រជុំកំពូល CLMV ក្រោមមូលបទ “មិត្តភាព និង សាមគ្គីភាពសម្រាប់សហគមន៍ដែលមានភាពធន់ និងវិបុលភាព”។ ថ្នាក់ដឹកនាំ CLMV បានពិនិត្យ ឡើងវិញនូវវឌ្ឍនភាពដែលសម្រេចបានចាប់តាំងពីកិច្ចប្រជុំកំពូល CLMV កាលពីឆ្នាំ២០២០ ដែល បានប្រព្រឹត្តទៅតាមរយៈប្រព័ន្ធវីដេអូ និងបានផ្លាស់ប្តូរទស្សនៈពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់។ ថ្នាក់ដឹកនាំ CLMV បានអះអាងសាជាថ្មីអំពីឆន្ទៈនយោបាយ និងសេចក្តីប្រាថ្នារួមគ្នាដើម្បី សន្តិភាព និងវិបុលភាពរួម តាមរយៈការជំរុញការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងចីរភាព ព្រមទាំងការលើកកម្ពស់សុខុមាលភាព និងគុណភាពជីវិតរបស់ប្រជាជន។
ទន្ទឹមនឹងការថ្លែងអំណរគុណដល់ប្រទេសមីយ៉ាន់ម៉ាសម្រាប់ភាពជាប្រធាន CLMV នាពេល កន្លងមក ថ្នាក់ដឹកនាំ CLMV បានកត់សម្គាល់ដោយការពេញចិត្តចំពោះវឌ្ឍនភាពជាបន្តបន្ទាប់ក្នុងការ អនុវត្តផែនការសកម្មភាព CLMV ដែលផ្តល់នូវលទ្ធផលសំខាន់ៗ និងបានរួមចំណែកបន្ថែមទៀតដល់ កិច្ចខិតខំប្រឹងប្រែងក្នុងការសម្រេចបាននូវក្របខ័ណ្ឌសម្រាប់ការអភិវឌ្ឍ CLMV ។ ថ្នាក់ដឹកនាំបានលើក ទឹកចិត្តឱ្យបន្តការជំរុញរួមគ្នានូវយុទ្ធនាការ “ប្រទេសបួន គោលដៅតែមួយ” ដើម្បីធានានូវទេសចរណ៍ ប្រកបដោយចីរភាព និងការទទួលខុសត្រូវ តាមរយៈការសម្របសម្រួលកាន់តែប្រសើរឡើង ការផ្លាស់ប្តូរ ព័ត៌មាននិងឧត្តមានុវត្តន៍ ភាពជាដៃគូរដ្ឋ-ផ្នែកឯកជន ជាពិសេស ការផ្សព្វផ្សាយនិងការអភិវឌ្ឍ ផលិតផលទេសចរណ៍។
ថ្នាក់ដឹកនាំបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការវិនិយោគ កសិកម្ម ថាមពល ឧស្សាហកម្ម ទេសចរណ៍ ការអភិវឌ្ឍធនធានមនុស្ស បច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ (ICT) និងការដឹកជញ្ជូន ក្នុងគោលបំណងពន្លឿនកិច្ចខិតខំប្រឹងប្រែងរួមគ្នាឆ្ពោះទៅក្លាយជាមជ្ឈមណ្ឌល។
ថ្លែងក្នុងឱកាសនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានរំលេចថាកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាក្នុងក្របខ័ណ្ឌ CLMV បានក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដែលសន្តិភាព និងស្ថិរភាព គឺជាកត្តា ចាំបាច់មិនអាចខ្វះបាន ក្នុងការធានាបាននូវសុវត្ថិភាព សុខុមាលភាព និងវិបុលភាពសម្រាប់ប្រជាជន ព្រមទាំងការពារផលប្រយោជន៍ក្នុងតំបន់។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានអំពាវនាវឲ្យជំរុញវិស័យ កសិកម្មជាអាទិភាពគន្លឹះ ដើម្បីទ្រទ្រង់ និងលើកកម្ពស់ផលិតភាព និងទិន្នផល សម្រាប់សន្តិសុខ ស្បៀង និងបានគូសបញ្ជាក់ពីតម្រូវការក្នុងការខិតខំប្រឹងប្រែងនៅក្នុងសេដ្ឋកិច្ចឌីជីថលដើម្បីជួយ ដល់សហគ្រាសធុនតូចនិងមធ្យម និងសារសំខាន់ក្នុងការទាញយកអត្ថប្រយោជន៍ពីផែនការការងារ ទី៤នៃគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន និងយន្តការពាក់ព័ន្ធផ្សេងទៀត សំដៅ ដោះស្រាយឧបសគ្គផ្នែកហិរញ្ញវត្ថុក្នុងការអនុវត្តក្របខ័ណ្ឌអភិវឌ្ឍន៍ CLMV និងវិស័យអាទិភាពនានា។
ថ្នាក់ដឹកនាំ CLMV បានបញ្ចប់កិច្ចប្រជុំកំពូលដោយអនុម័តលើសេចក្តីថ្លែងការណ៍រួមស្តីពី កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាមលើកទី១១៕