ខេត្តកំពង់ស្ពឺ៖ យានយន្តគ្រប់ប្រភេទអាចចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៣ បានវិញហើយ ក្រោយជំនន់ទឹកភ្លៀងបានស្រកទៅវិញអស់។ នេះបើយោងតាមការជូនដំណឹងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ស្ពឺ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤។

លោក ស៊ូ ស៊ុន្ធរ៉ា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ដោយយោងលើស្ថានភាពជំនន់ទឹកភ្លៀងលើកំណាត់ផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៤១ ដល់គីឡូម៉ែត្រលេខ៤៣(ផ្សារត្រាំខ្នារ)ស្ថិតក្នុងស្រុកគងពិសី និងចន្លោះគីឡូម៉ែត្រលេខ៥៣ ដល់គីឡូម៉ែត្រលេខ៥៥(ផ្សារប៉ាង្គសី) ស្ថិតក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ គិតត្រឹមប៉ុន្មានថ្ងៃមុននេះ មិនអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទឆ្លងកាត់នោះទេ ដោយតម្រូវឱ្យបញ្ជៀសចរាចរណ៍យានយន្តបើកបរលើគន្លងផ្លូវតែម្ខាងប៉ុណ្ណោះ។ តែក្រោមការយកចិត្តទុកដាក់ពីមន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋានស្រុកក្នុងការបើកមុខទឹកដើម្បីពន្លឿនចរន្តទឹកហូរ នៅត្រឹមវេលាម៉ោង ៧:០០នាទីព្រឹក ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថានភាពទឹកលិចបានស្រកចុះផុតពីតួផ្លូវជាស្ថាពរវិញហើយ។

លោកស៊ូ សុន្ធរ៉ាប្រធានមន្ទីរ បានបញ្ជាក់ថា ដោយទឹកបានស្រកចុះអស់ពីតួផ្លូវ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ស្ពឺ បានសម្រេចអនុញ្ញាតឱ្យរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទធ្វើចរាចរណ៍ឡើងវិញជាធម្មតា លើកំណាត់ផ្លូវជាតិលេខ៣ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ចាប់ពីម៉ោង ១៣:០០នាទី ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤។ ដូច្នេះអ្នកបើកបរទាំងអស់អាចឆ្លងកាត់ដោយមិនបាច់ប្តូរទិសដៅទៀតទេ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed