ខេត្តកំពង់ស្ពឺ៖ លោក ហន ពិសិដ្ឋ អភិបាលស្រុកគងពិសី បានឱ្យដឹងនៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ ២០២៤នេះថា កំណាត់ផ្លូវជាតិ៣ ចំនួន២ទីតាំង ប្រវែងជិត ២០០០ម៉ែត្រ កំពុងតែរងការជន់លិចដោយជំនន់ទឹកភ្លៀង ហើយអាជ្ញាធរស្រុក មន្ត្រីជំនាញពាក់ព័ន្ធ កំពុងជួយអន្តរាគមន៍រំដោះទឹកចេញ ដើម្បីពន្លឿនចរន្តទឹកហូរ និងបញ្ជៀសការជន់លិចយូរអង្វែង។

អភិបាលស្រុកគងពិសី លោក ហន ពិសិដ្ឋ បានឱ្យដឹងទៀតថា ជំនន់ទឹកភ្លៀងកំពុងតែជន់លិចកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចក្បែរផ្សារប៉ាំង្កសី ស្ថិតក្នុងឃុំព្រៃវិហារ និងក្បែរផ្សារត្រាំខ្នា ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ បច្ចុប្បន្នអាជ្ញាធរស្រុក និងកម្លាំងសមត្ថកិច្ច កំពុងសម្រួលកកស្ទះ និងបញ្ជៀសចរាចរឱ្យបើកបរលើផ្លូវម្ខាងទៀតដើម្បីកុំឱ្យស្រុតផ្លូវ។

លោក ហន ពិសិដ្ឋ បានបញ្ជាក់ផងដែរថា ទឹកអាចនឹងហូរអស់ពីផ្លូវនៅត្រឹមតែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ គ្រា ដែលអាជ្ញាធរស្រុកបាទី នៃខេត្តតាកែវ កំពុងជួយដុតដៃដុតជើង អន្តរាគមន៍កាយបើកមុខទឹក ដើម្បីឱ្យហូរបានលឿន។ ទន្ទឹមនេះ លោកក៏បានអំពាវនាវដល់អ្នកបើកបរយានយន្តធំៗទាំងអស់ ដែលមានបំណងឆ្លងកាត់ផ្លូវនេះ អាចបង្វែរចេញទៅផ្លូវផ្សេងសិន រង់ចាំទឹកស្រកទៅវិញ និងដើម្បីបញ្ជៀសការកកស្ទះផងដែរ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed