ប្រជាពលរដ្ឋ៣១គ្រួសាររស់នៅសងខាងផ្លូវជាតិលេខ ៥៥ ចន្លោះគីឡូម៉ែត្រលេខ១៣៦ដល់ចុងគីឡូម៉ែត្រ ១៣៧ និងដើមគីឡូម៉ែត្រលេខ១៣៧ ពោលគឺខាង ក្រោមស្ពានលេខ៣៥ក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ កំពុងប្រឈមនឹងការបណ្ដេញ ចេញតាមរយៈការកោះហៅម្ដង១គ្រួសារៗ របស់សាលាដំបូងខេត្តពោធិ៍សាត់ ដែលគេមើលឃើញថា ក្នុងចេតនាគម្រាមកំហែង។

ជាបន្តបន្ទាប់ប្រជាពលរដ្ឋដែលរស់នៅទីតាំងខាងលើនេះត្រូវប្រឈមនឹងការកោះហៅទៅបំភ្លឺនៅសាលាដំបូងខេត្តពោធិ៍សាត់ដែរគេដឹងថា ដីនៅតំបន់នោះត្រូវបានប្រមុខរាជរដ្ឋាភិបាលតាំងពីឆ្នាំ២០១២ តាមរយៈនិស្សិតចុះវាស់វែងបានប្រគល់ដីនោះមកឲ្យប្រជាពលរដ្ឋរស់នៅនិងអាស្រ័យផល។ ប៉ុន្តែទើបតែថ្មីៗនេះស្រាប់តែមានការកោះហៅប្រជាពលរដ្ឋមកបំភ្លឺនៅសាលាដំបូងខេត្តពោធិ៍ សាត់ ដោយចោទប្រកាន់ពីបទនៃការកសាងទីលំនៅដោយខុសច្បាប់និងការកាប់រានដី ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថានខេត្តពោធិ៍សាត់។ ដីនៅតំបន់នោះមួយ ចំនួន ត្រូវបានប្រគល់កម្មសិទ្ធិស្របច្បាប់រួចរាល់ហើយ និងមួយចំនួនទៀត មិនទាន់បាននៅឡើយ ដោយកាល នោះម្ចាស់ដីមិនមានប្រាក់ដើម្បីធ្វើឯកសារ។

តាមឯកសារយោងជាច្រើនបង្ហាញថា រាជរដ្ឋាភិបាលអាណត្តិទី៦ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានផ្ដល់ភាពស្របច្បាប់ឲ្យប្រជាពលរដ្ឋរស់នៅតំបន់នោះរួចហើយ។ យោងតាមស.ជ.ណ លេខ ១១០០របស់ទីស្ដីការគណៈរដ្ឋមន្ត្រី ឲ្យដឹងត្រង់ចំណុចទី២ថា មិនអនុញ្ញាតឲ្យមានការរស់នៅនិងអាស្រ័យ ផលក្នុងទីតាំងភូមិដីក្រហមស្ថិតនៅចុងគីឡូម៉ែត្រលេខ ១៣៧(ស្ពានលេខ៣៥) តំបន់អន្ទង់អាំងភ្នំ១៥០០ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ឡើយ។ អ្វីដែលជាភាពត្រឹមត្រូវ គឺប្រជាពលរដ្ឋ៣១គ្រួសារមិនបានរស់ នៅទីកន្លែងចំនុចផ្លូវអន្ទង់អាំងនេះទេ ពោលគឺពួកគាត់នៅចន្លោះនេះនឹងខាងក្រោមស្ពានលេខ៣៥។

ត្រង់ចំណុចនេះប្រជាពលរដ្ឋបាននិយាយថា អាជ្ញាធរបានព្យាយាមទាញពួកគាត់ភ្ជាប់ជាមួយនឹងទីតាំងផ្សេងដែលនៅជិតនោះក្នុងភាពមិនច្បាស់លាស់។ បើតាមប្រជាពលរដ្ឋសង្ស័យថា មានទីកន្លែងផ្សេងទៀតដែលរាជរដ្ឋាភិបាលតម្រូវឲ្យចាកចេញ ប៉ុន្តែមិនមែននៅចំណុចដែលពួកគាត់កំពុងរស់នៅសព្វថ្ងៃនេះទេ។ ដូច្នេះអាចមានការភាន់ច្រឡំណាមួយ។

យោងអនុក្រឹត្យលេខ២៤៥ របស់រាជរដ្ឋាភិបាលកម្ពុជាចុះថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២២ក៏បានបញ្ជាក់ច្បាស់ដែរថា ប្រជាពលរដ្ឋដែលកំពុងប្រឈមនឹងការបណ្ដេញ ចេញនេះ មិនស្ថិតនៅក្នុងចំនុចផ្លូវអន្ទង់អាំង ឬនៅក្នុងដែនសមត្ថកិច្ចរបស់មន្ទីរបរិស្ថានខេត្តពោធិ៍សាត់នោះឡើយ។ ជាមួយគ្នានោះក្រសួងបរិស្ថានកាលពីថ្ងៃទី២១ ខែធ្នូឆ្នាំ២០២២ក៏បានចេញសេចក្តីណែនាំស្ដីពីការបន្តអនុវត្តអនុក្រឹត្យលេខ២៤៥ របស់រាជរដ្ឋាភិបាលកម្ពុជានោះដែរ។

រដ្ឋបាលខេត្តពោធិ៍សាត់កាលថ្ងៃទី៣ខែកញ្ញាឆ្នាំ២០២០ ចុះហត្ថលេខាដោយលោកម៉ៅ ធនិន បានបញ្ជាក់ឲ្យដឹងថា រដ្ឋបាលខេត្តពោធិ៍សាត់ នឹងចាត់វិធានការរដ្ឋបាលបោសសម្អាតទីតាំងរស់នៅមិនស្របច្បាប់នៅក្នុងតំបន់ ការពារធម្មជាតិដែលជម្រកសត្វព្រៃភ្នំសំកុស ចាប់ពីចំណុចស្ពានអូរ ១៧ រហូតដល់លើភ្នំ ១៥០០ ភូមិដី ក្រហម ឃុំអន្លង់រាប ស្រុកវាវែង ខេត្តពោធិ៍សាត់។ ប៉ុន្តែប្រជាពលរដ្ឋ៣១គ្រួសារដែលកំពុងរស់នៅអាស្រ័យផលសព្វថ្ងៃនេះមិនស្ថិតនៅទីតាំងខាងលើនេះឡើយ។

មកដល់ពេលនេះសាលាដំបូងខេត្តពោធិ៍សាត់ បានបន្តកោះហៅប្រជាពលរដ្ឋឲ្យចូលបំភ្លឺពាក់ព័ន្ធនឹងបណ្ដឹងរបស់មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ដើម្បីសាកសួរពីដំណើរការរឿងដែលប្ដឹងលើករណីកាប់គាស់រុករានដីព្រៃឆ្កាដុតនិងឈូសឆាយដីព្រៃ ដើម្បីធ្វើជាកម្មសិទ្ធិ ដែលបានប្រព្រឹត្តទៅនៅចំណុចជើងភ្នំ១៥០០ ..ស្ថិតនៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។ បើតាមប្រភពប្រាប់ថា ដើមបណ្ដឹងគឺមន្ទីរបរិស្ថានខេត្ត ពោធិ៍សាត់ ។

ប្រជាពលរដ្ឋនៅទីនេះ មើលឃើញអំពីបញ្ហាប្រឈមនឹងទុក្ខលំបាកជាច្រើន ប៉ុន្តែយ៉ាងណាបានកសាងហេដ្ឋា រចនាសម្ព័ន្ធជាច្រើន រួចរាល់ ស្អាតបាត អស់ហើយដើម្បីចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិជាមួយរាជរដ្ឋាភិបាល។ លំនៅឋានបានសាងសង់ស្អាតបាត,មានអគ្គិសនីរដ្ឋប្រើ ប្រាស់និងបានតបណ្ដាញអ៊ីនធឺណិតរួចរាល់ ជាយូរឆ្នាំណាស់មកហើយ។ ស្រាប់តែថ្មីៗនេះពួកគាត់ត្រូវប្រឈមនឹងការបណ្ដេញចេញ ដោយរងនូវបណ្ដឹងជាច្រើនក្នុងប្រភពមិនច្បាស់លាស់រួមទាំងមន្ទីរបរិស្ថានខេត្តផងអំពីការកាប់រានឈូសឆាយដីព្រៃ ទៅវិញ។

អ្នកនាំពាក្យសាលាដំបូងខេត្តពោធិ៍សាត់ មិនអាចសុំការបំភ្លឺបានទេ។ ដូចគ្នានេះដែរលោកប្រធានស្តីទីមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ក៏មិនអាចសុំការបំភ្លឺបានដែរ។ ប៉ុន្តែគេដឹងថា មានអាថ៌កំបាំងច្រើននៅក្នុងផែនការបណ្ដេញប្រជាពលរដ្ឋចេញពីទីតាំងខាងលើនេះ។ យ៉ាងណាក៏ដោយគេហទំព័រយើងខ្ញុំរង់ចាំការបំភ្លឺពីស្ថាប័នពាក់ព័ន្ធគ្រប់ពេលវេលា៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed